មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិហៅកាត់ (ACIAR) បានផ្ដល់ការគាំទ្រដល់គម្រោងស្រាវជ្រាវកសិកម្ម ២ នៅកម្ពុជាដែលមានទំហំថវិកាសរុប ៦ លានដុល្លារអូស្ត្រាលី។ គម្រោងស្រាវជ្រាវនេះ នឹងជួយអភិវឌ្ឍការធ្វើកសិកម្មរបស់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបផ្នែកគ្រឿងយន្តកសិកម្ម និងការគ្រប់គ្រងធនធានដីប្រកបដោយចីរភាព។
លោកស្រីសាស្រ្តរាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការគម្រោងខាងលើកាលពីថ្ងៃ ៣ ខែកុម្ភៈ ឆ្នាំ ២០២៥កន្លងទៅថា គម្រោងថ្មីនេះប្រមូលផ្តុំអ្នកស្រាវជ្រាវអូស្ត្រាលីមកពីសាកលវិទ្យាល័យ ស៊ីដនី និងសាកលវិទ្យាល័យ Murdoch ដោយមានការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបច្ចេកវិទ្យាគ្រឿងយន្តកសិកម្ម រួមមានការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាពហាប់ណែននៃដី និងឧបសគ្គលំបាកនានាក្នុងពេលប្រតិបត្តិការគ្រឿងយន្តទំាងអស់នោះ ជាពិសេសសម្រាប់កសិករជាស្ត្រី។
ដោយឡែក ការគ្រប់គ្រងធនធានដីប្រកបដោយចីរភាពមានភាពសំខាន់ខ្លំាងណាស់ សម្រាប់សន្តិសុខស្បៀង និងជួយកាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ដោយសារដីដែលខូចគុណភាព បានរួមចំណែកបញ្ចេញសារធាតុកាបូន និងផ្ដល់ផលប៉ះពាល់ដល់គុណភាពទឹក។
ការគាំទ្ររបស់ ACIAR តាមរយៈគម្រោងស្រាវជ្រាវអំពីធនធានដី និងដំណាំ ដើម្បីការអភិវឌ្ឍកសិកម្មដោយចីរភាព ធ្វើឡើងស្របទៅតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២២-២០៣០ របស់កម្ពុជា និងផែនទីបង្ហាញផ្លូវស្តីអំពីបច្ចេកវិទ្យាកសិកម្ម៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Australian Embassy, Cambodia