OpenAI និងក្រុមហ៊ុន Kakao ចាប់ដៃបណ្ដាក់ទុនរួមគ្នាលើវិស័យ AI នៅកូរ៉េខាងត្បូង

នាថ្ងៃអង្គារទី០៤ ខែកុម្ភៈ ក្រុមហ៊ុន OpenAI បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនបណ្ដាញសង្គម Kakao ក្នុងការបណ្ដាក់ទុនរួមគ្នា លើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ជំនាន់ថ្មីនៅប្រទេសកូរ៉េខាងត្បូង។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Kakao អះអាងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ OpenAI សម្រាប់ផលិតផលគ្រប់មុខរបស់ខ្លួន ស្របពេលការប្រកាសពីគម្រោងវិនិយោគនេះ ត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិ Sam Altman និង CEO ក្រុមហ៊ុន Kakao អ្នកនាង Chung Shina ក្នុងទីក្រុងសេអ៊ូល។

មហាសេដ្ឋីអាមេរិកបង្ហើបថា ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើននឹងរួមចំណែកយ៉ាងសំខាន់ ចំពោះប្រព័ន្ធអេកូឡូស៊ី នៃគម្រោងមជ្ឈមណ្ឌលទិន្នន័យAI Stargate របស់សហរដ្ឋអាមេរិក ដ្បិតប្រទេសមួយនេះក៏ជាស្ដេចត្រាញ់ក្នុងវិស័យបច្ចេកវិទ្យាប្រចាំទ្វីបអាស៊ីផងដែរ។

សូមជម្រាបដែរថា វិស័យបច្ចេកវិទ្យា AI កំពុងមានសន្ទុះជាខ្លាំង ពោលកាលពីខែមុន ប្រធានាធិបតីអាមេរិកបានប្រកាសពីគម្រោង Stargate ដែលជាការបណ្ដាក់ទុនរួមគ្នាពីក្រុមហ៊ុន OpenAI, Orcale និងក្រុមហ៊ុនជប៉ុន SoftBank សរុបសាច់ប្រាក់ ៥០០ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters