ចិនបង្កើតបានមនុស្សយន្ត អាចរត់លឿនដូចកីឡាករអាជីព Usain Bolt

កាលពីពេលថ្មីៗនេះ សារព័ត៌មានចិន Xinhua បានចុះផ្សាយថា ក្រុមហ៊ុនបង្កើតថ្មី Mirror Me និងមជ្ឈមណ្ឌលសម្រាប់មេកានិចអន្តរកម្មនៃសាកលវិទ្យាល័យ Zhejiang បានផលិតនូវមនុស្សយន្តជំនាន់ថ្មី មានឈ្មោះថា Black Panther 2.0 ដែលមានសមត្ថភាពអាចរត់បានលឿន ដូចកីឡាករអាជីព Usain Bolt។

តាមដានជាមួយយើង៖ Million Times

មនុស្សយន្តជំនាន់ថ្មីនេះ មានទម្ងន់ប្រហែល ៣៨គីឡូក្រាម កម្ពស់ ០,៦៣ម៉ែត្រ និងអាចរត់បានរយៈចម្ងាយ ១០០ម៉ែត្រ ប្រើពេលតិចជាង ១០វិនាទី។ ក្រុមការងារផលិតមនុស្សយន្តនេះអះអាងថា វាអាចរត់ដល់ល្បឿន ១០,៤ម៉ែត្រក្នុងមួយវិនាទី ដែលសឹងតែស្មើកំណត់ត្រារបស់កីឡាករ Usain Bolt កាលពីឆ្នាំ២០០៩ ដែលជាប់ឈ្មោះជាអ្នករត់ប្រណាំងលឿនបំផុតលើពិភពលោក ជាមួយល្បឿន ១០,៤៤ម៉ែត្រក្នុងមួយវិនាទី។

ដើម្បីសម្រេចបាននូវល្បឿនដ៏លឿនបែបនេះ អ្នកស្រាវជ្រាវបានបំពាក់មនុស្សយន្ត ជាមួយនឹងសន្លាក់ជង្គង់ដែលអាចបត់បែនបាននៅលើជើងទាំងបួនរបស់វា ហើយបានបន្ថែមរចនាសម្ព័ន្ធសរសៃកាបូន ដើម្បីរក្សាលំនឹងក្រោមភាពតានតឹងនៃទម្ងន់របស់មនុស្សយន្ត ដែលធ្វើដំណើរក្នុងល្បឿនលឿនបំផុត គ្រប់កាលៈទេសៈ។

Black Panther 2.0 ក៏បំពាក់មកជាមួយនូវបន្ទះឈីប AI ជំនាន់ថ្មី ផ្ដល់នូវសមត្ថភាពឲ្យវាអាចកត់សម្គាល់ និងស្ដាប់តាមការបញ្ជាបានល្អ ជាពិសេសគឺមានភាពបត់បែន នៅគ្រប់ស្ថានការណ៍ផ្លូវ។

សូមជម្រាបដែរថា បច្ចុប្បន្ន Black Panther 2.0 មិនទាន់មានវត្តមានដាក់លក់លើទីផ្សារឡើយ ខណៈបច្ចុប្បន្នប្រទេសចិន កំពុងសម្រុកជាខ្លាំងលើការផលិតមនុស្សយន្តជើងបួន ក្នុងគោលបំណងសន្តិសុខ និងសម្រាប់ការស្ទង់មតិបរិស្ថានគ្រោះថ្នាក់នានា ដែលមនុស្សពិបាកក្នុងការចូលទៅដោយផ្ទាល់៕

អត្ថបទ៖ Luffy រូបភាព៖ Xinhua