សម្តេច ហ៊ុន សែន ប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រី CPP ទាំងអស់ប្រើប្រាស់ CoolApp

ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដែលជាថ្ងៃទី២ នាព្រឹកថ្ងៃទី២៦ ខែមករានេះ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស CPP ទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ «CoolApp ងាយស្រួលប្រើ ថ្ងៃមុនខ្ញុំបានផ្ញើសារ Forward មានទាំងរូបភាព និងវីដេអូជាង ១០០រូប ទៅកាន់មនុស្ស៤២នាក់ ដើររលឿនតែម្តង ប៉ុន្តែ CoolApp យើងអាចផ្ញើដល់មនុស្ស៥០នាក់ឯណោះ…។ ដោយឡែកពេល Call និយាយតាម CoolApp ប្រើអ៉ិនធើណែតតិច ហើយច្បាស់ ដូច្នេះមន្រ្តីបក្សរបស់យើងនាំគ្នាប្រើរបស់ខ្មែរយើង និងបង្កើត Group ដើម្បីទំនាក់ទំនងគ្នា…!»។

តាមដានជាមួយយើង៖ Million Times

កាលពីខែមិថុនាឆ្នាំ២០២៤ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​​កម្មវិធី​ទំនាក់ទំនង​​សង្គម​ឆាត​​ដំបូង​របស់​ខ្លួន​ឈ្មោះ​ CoolApp ដែល​ស្រដៀង​នឹង​កម្មវិធី​អ៊ែប​អន្តរជាតិ​ដ៏​ពេញ​និយមផ្សេងទៀត​ដូចជា​ WhatsApp  Signal និង Telegram ។

អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងអ្នកជំនាញផ្នែកអាជីវកម្មជាង១០នាក់បាន​បង្កើត​ CoolApp នេះ​ឡើង ដោយ​ប្រើ​ពេលជាង៣ឆ្នាំ (២០២១ដល់​២០២៤)។ បើ​តាម​ការអះអាងរបស់លោក លឹម ជាវុត្ថា ជា​អគ្គនាយក​ CoolApp នៅក្នុងវីដេអូឃ្លីបដែល​មាន​រយៈពេល៤នាទីនិង៣៩វិនាទី។

នៅអំឡុងពេលបើកដំណើរការដំបូង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា CoolApp ដើរតួនាទីការ​ពារ​សន្តិសុខជាតិ ដោយរារាំងការជ្រៀតជ្រែក​ពីបរទេសក្នុងទំនាក់ទំនងកម្ពុជា។ 

សម្តេចបាន​សរសេរ​នៅ​លើហ្វេសប៊ុក​ថា៖ «​អ្វីដែល​ខ្ញុំ​ត្រូវ​គិត ​គឺ​សុវត្ថិភាព​សម្រាប់​​សន្តិសុខ​ជាតិ  ដែល​​​បរទេសពិបាក​​ជ្រៀត​​​ជ្រែក​យក​ព័ត៌មាន​ពី​​យើងបាន​»។ ការណ៍នេះ សម្តេចបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យប្រើប្រាស់ CoolApp ដើម្បីធានាម្ចាស់ការ​លើ​ការរក្សា​ «ការសម្ងាត់» និងដើម្បីបង្កា​រ​ «ការដាច់​​ទំ​​នាក់ទំនងពី​ប្រព័ន្ធបរទេសផង​»។

យោងតាមការចុះផ្សាយពី Fresh News បានដកស្រង់សម្តីលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ឲ្យដឹងថា រហូតដល់ពេលនេះ ចាប់តាំងពីដាក់ឱ្យដំណើរការរយៈពេលប្រមាណជាង ៦ខែមកនេះ កម្មវិធី CoolApp ត្រូវបានទាញយកប្រមាណជិត៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម