Mark Zuckerberg បង្ហាញផែនការវិនិយោគ AI តម្លៃ៦០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃសុក្រ ទី២៣មករាថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគយ៉ាងតិច $៦០ពាន់លានដុល្លារលើ បញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំ២០២៥ ដោយក្លាយជាអ្នកនាំមុខគេក្នុងវិស័យ AI ។

នៅក្នុងការបង្ហោះនៅលើទំព័រ Facebook មហាសេដ្ឋីលំដាប់ទី៣លើពិភពលោក Zuckerberg បានហៅឆ្នាំនេះថាជា “ឆ្នាំកំណត់សម្រាប់ AI” ហើយបានរៀបរាប់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ជំនួយការឌីជីថលកំពូលគឺ Meta AI ដែលត្រូវបានគេរំពឹងថានឹងប្រើប្រាស់ដោយមនុស្សជាងមួយពាន់លាននាក់។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនក៏គ្រោងនឹងដឹកនាំការអភិវឌ្ឍន៍គំរូ AI ជាមួយ Llama 4 របស់ខ្លួន រួមជាមួយនឹងការបង្កើត “វិស្វករ AI” ដើម្បីជួយក្នុងការសរសេរកូដសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន។

លើសពីនេះ Meta នឹងវិនិយោគក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដើម្បីគាំទ្រដល់ប្រតិបត្តិការ AI របស់ខ្លួន។ ការចំណាយដើមទុនដែលរំពឹងទុកសម្រាប់គំនិតផ្តួចផ្តើមទាក់ទងនឹង AI នៅឆ្នាំ២០២៥ នឹងមានចន្លោះពី ៦០ពាន់លានដុល្លារទៅ ៦៦ពាន់លានដុល្លារ។

លោក Zuckerberg បាននិយាយថា នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដែលនឹងជំរុញការច្នៃប្រឌិត ផ្តល់ថាមពលដល់ផលិតផលស្នូលរបស់ Meta និងជំរុញភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់អាមេរិក។

ការប្រកាសនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI តម្លៃ ៥០០ពាន់លានដុល្លារដែលដឹកនាំដោយធនាគារ SoftBank និង OpenAI ។

ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តរបស់លោក Trump លោក Elon Musk ក៏ទំនងជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គម្រោងនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកកំពុងស្ថិតនៅលើផ្លូវក្នុងការវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ការបណ្តុះបណ្តាលគំរូ និងកម្មវិធីពពកសកល៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Meta / AP