ធនាគារជាតិចាប់ដៃ Visa ដំណើរការ Bakong Tourists App សម្រាប់ភ្ញៀវទេសចរមកលេងស្រុកខ្មែរចាយជាមួយអាជីវករ ៤,៥លានកន្លែង

ជួយប្រាប់តៗគ្នាផង ឥឡូវនេះធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ Visa សម្រេចដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកលេងស្រុកខ្មែរចាយវាយមួយសេរី ហើយអាចធ្វើការទូតទាត់តាម KHQCord ជាមួយអាជីវករប្រមាណ ៤,៥ លានកន្លែងនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa ដើម្បីឲ្យទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថលបានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ ដើម្បីចុះឈ្មោះប្រើប្រាស់ហើយភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង ហើយធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤,៥ លានកន្លែងនៅក្នុងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កម្មវិធីទូទាត់បាគងទេសចរ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលបានដាក់ឲ្យដំណើការជាផ្លូវការការអំឡុងខែសីហា ឆ្នាំ២០២៤កន្លងទៅ។ កម្មវិធីទូទាត់បាគងទេសចរ មានគោលបំណងសម្រួល និងបន្ថែមភាពងាយស្រួលដល់ការទូទាត់តាមឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។

លោកស្រីបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ នឹងផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព បទពិសោធន៍ថ្មី ក្នុងការមកលេងកម្សាន្ដនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មទាំងអស់ ឱ្យគាំទ្រនិងផ្សព្វផ្សាយកម្មវិធីទូទាត់បាគងទេសចរឲ្យបានសកម្មបន្ថែមទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ឌិត សុចល នាយកប្រតិបត្តិធនាគារ FTB លើកឡើងថា កម្មវិធីទូទាត់បាគងទេសចរ គឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ការប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ ជាពិសេសក្រដាសប្រាក់ចាស់ ទក់ រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺក្រដាសប្រាក់រៀលក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ NBC