នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយភាសាចិននៅក្នុងវីដេអូជំនួយ AI ធានាភ្ញៀវទេសចរចិនថា ពួកគេមានសុវត្ថិភាពនៅក្នុងប្រទេសថៃ ហើយអញ្ជើញពួកគេឱ្យចូលរួមអបអរបុណ្យចូលឆ្នាំថ្មីនៅទីនេះ។
ក្នុងឃ្លីបប្រមាណ ១.៣២នាទី លោកស្រី Paetongtarn បាននិយាយថា លោកស្រីចង់ទំនាក់ទំនងជាមួយជនជាតិចិន ប៉ុន្តែមិនអាចនិយាយភាសាចិនបានទេ។ ដូច្នេះ លោកស្រីបានប្រើបច្ចេកវិទ្យា AI ដើម្បីបង្ហាញថា លោកស្រីកំពុងនិយាយភាសាចិន។
នាយករដ្ឋមន្ត្រីថៃនិយាយថា របាយការណ៍ព័ត៌មានអំពីជនជាតិចិនដែលត្រូវបានបោកបញ្ឆោតនៅក្នុងប្រទេសថៃបានធ្វើឱ្យភ្ញៀវទេសចរចិនព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ និងហានិភ័យពីការជួញដូរមនុស្សដោយឧក្រិដ្ឋជន។ ទន្ទឹមគ្នានេះ លោកស្រីបានបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសន្តិសុខជូនភ្ញៀវទេសចរ និងបង្ក្រាបបទល្មើសឆ្លងដែនយ៉ាងដាច់ខាតផងដែរ។
លោកស្រី Paetongtarn បានសន្យាថា ច្បាប់នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ដើម្បីទទួលទោសការឆ្លងព្រំដែនខុសច្បាប់។ លោកស្រីនិយាយថា រដ្ឋាភិបាលថៃបានផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយកំពុងធ្វើការដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។
លោកស្រី Paetongtarn និយាយទៀតថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនទាំងអស់ ហើយលោកស្រីចង់អញ្ជើញប្រជាជនចិនចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី និងខួបលើកទី៥០ នៃទំនាក់ទំនងការទូតចិន-ថៃនៅឆ្នាំនេះ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ ថតពីវីដេអូ