ក្រុមហ៊ុនធំបំផុតនៅវៀតណាម VinGroup ត្រៀមប្រឡូកក្នុងវិស័យផលិតមនុស្សយន្ត

ក្រុមហ៊ុន VinGroup របស់មហាសេដ្ឋីមានបំផុតនៅប្រទេសវៀតណាម Pham Nhat Vuong បានប្រកាសថា ពួកគេនឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី VinMotion ផ្ដោតសំខាន់លើការស្រាវជ្រាវ និងផលិតមនុស្សយន្ត ចំពេលវិស័យបច្ចេកវិទ្យាកំពុងមានសន្ទុះខ្លាំងទូទាំងពិភពលោក។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានចុះផ្សាយថា ក្រុមហ៊ុន VinMotion ទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាល ជាមួយដើមទុនដំបូង ១ទ្រីលានដុង ឬប្រហែល ៣៩លានដុល្លារ។

ក្រុមហ៊ុនធំបំផុតនៅវៀតណាម រកស៊ីនៅលើពហុវិស័យមួយនេះ បាននឹងកំពុងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយ ដែលផ្ដោតសំខាន់លើការរកស៊ីក្នុងវិស័យបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ តួយ៉ាងកាលពីខែមីនា ឆ្នាំ២០២៤ ពួកគេបង្កើតក្រុមហ៊ុន V-GREEN ដែលសាងសង់ស្ថានីយសាករថយន្តអគ្គិសនី ដើម្បីជំរុញការលក់រថយន្តរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ VinFast។

បន្ថែមពីនោះ កាលពីខែវិច្ឆិកាឆ្នាំមុន កូនប្រុសទាំង២ របស់ម្ចាស់ក្រុមហ៊ុន គឺ Pham Nhat Quan និង Pham Nhat Minh Hoang សហការ ២នាក់បងប្អូន បង្កើតក្រុមហ៊ុន VinRobotics ស្រាវជ្រាវលើបច្ចេកវិទ្យា AI ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ The Investor