ក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់ថ្នាក់ពិភពលោក Knight Frank បានស្រាវជ្រាវ និងរកឃើញថា ប្រទេសម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងទទួលបានការបណ្ដាក់ទុនផ្នែកបច្ចេកវិទ្យាច្រើនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ទទួលបានការវិនិយោគឌីជីថលក្នុងទំហំ ១៤១,៧២ពាន់លានរីងហ្គីត ឬប្រហែល ៣១,៦ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ពោលគឺច្រើនជាងឆ្នាំ២០២៣ រហូតដល់ ៣ដង។
ការបណ្ដាក់ទុនទាំងនេះផ្ដោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត និងការផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត សរុបជាសាច់ប្រាក់ ២៣ពាន់លានដុល្លារ ខណៈដៃគូវិនិយោគគឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរួមមាន ក្រុមហ៊ុន Nvidia, Microsoft, Google, ByteDance, Amazon Web Services និងក្រុមហ៊ុន Oracle ជាដើម។
បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងកំពុងប្រតិបត្តិការចំនួន ៥៤កន្លែង ហើយក៏កំពុងក្លាយជាគោលដៅយ៉ាងសំខាន់មួយ ក្នុងការពង្រីកខ្លួនចូលក្នុងទីផ្សារតំបន់អាស៊ាន ដែលក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិជាច្រើនបានសម្លឹងឃើញ និងកំពុងចាប់អារម្មណ៍៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress