ជាព័ត៌មានដ៏រីករាយបំផុតមួយ សម្រាប់កសិករដែលជាសមាជិកគ្រួសារសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ក្រោយមានការជួយជ្រោមជ្រែងពីខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសិក្សាការកាត់បន្ថយថ្លៃដើមរបស់កសិករ។
តាមការបង្ហោះលើពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានឲ្យដឹងថា ក្រសួងគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ជូនដល់សមាជិកទាំង ៦៥ គ្រួសារនៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ជំនួសឲ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះបានឲ្យដឹងទៀតថា ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្ដប់លើផ្ទៃដីផលិតកម្មម្រេចជិត ១០០ ហិកតារបស់សហគមន៍។
តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល ១០ ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតថា ១ ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង ១ លានដុល្លារ សម្រាប់រយៈពេល ១០ ឆ្នាំ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ទាំងនោះគឺជាអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ឃឹម ហ្វីណង់