ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤នេះទទួលបានអ្នកទស្សនាច្រើនជាង ១០ម៉ឺននាក់

ព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា Air & Tech Show លើកទី៤ ឆ្នាំ២០២៤ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោកតាលោកយាយ អ៉ំពូមីង បងប្អូន សិស្សានុសិស្ស និងយុវជនចូលរួមទស្សនាច្រើនជាង ១០ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃ នៅមូលដា្ឋនទ័ពអាកាស ពោធិ៍ចិនតុង។

បើតាមរបាយការណ៍ដែលគេហទំព័រ Million Times ទទួលបាន ក្នុងរយៈពេល ៣ថ្ងៃមានអ្នកចូលរួមទស្សនាការពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យាសរុបចំនួន ១៣៩ ២០០នាក់។ ក្នុងនោះថ្ងៃទី១ មានចំនួន ៨ ២១៨ នាក់ ថ្ងៃទី២ ២៧ ៥៩៥នាក់ និងថ្ងៃទី៣ មានចំនួន ១០៣ ៣៨៧នាក់។

តាមដានជាមួយយើង៖ Million Times

លើទំព័រហ្វេសប៊ុក Air & Tech Show បានឲ្យដឹងថា អ្នកចូលរួមសុទ្ធតែបង្ហាញនូវអារម្មណ៍រំភើបរីករាយការទស្សនាការតាំងពិព័រណ៌នេះ ក្រោយបានសិក្សាស្វែងយល់អំពីយន្តហោះ និងបច្ចេកវិទ្យាថ្មីៗ ដោយពួកគេបានអះអាងថា មិនងាយបានទស្សនាផ្ទាល់ស៊េរីបែបនេះទេ សូម្បីតែការចូលក្នុងព្រលានយន្តហោះក៏ពិបាកដែរ។

គណៈគ្រប់គ្រងសាលាដែលបានដឹកនាំសិស្សានុសិស្សចូលរួមទស្សនាបានបង្ហាញថា ពិព័រណ៌នេះល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ដោយសារផ្នែក Innovation (នវានុវត្តន៍) វាពិតជាធំទូលាយអាចឲ្យក្មេងជំនាន់ក្រោយបានយល់ពីវិស័យអាកាសចរណ៍ឲ្យកាន់ច្រើនជាងមុន។

អ្នកចូលរួមតាំងពិព័រណ៌នេះបន្តលើកឡើងថា «វិស័យអាកាសចរណ៍នៅកម្ពុជាយើងមិនទាន់មានប្រជាពលរដ្ឋឈ្វេងយល់ច្រើននៅឡើយទេ ជាពិសេសក្មេងៗ គាត់ចាប់អារម្មណ៍ចង់ដឹង។ ទន្ទឹមនឹងនេះ ការតាំងពិព័រណ៌នេះផងដែរ ក៏បានបង្ហាញឲ្យប្រជាជនយើងបានដឹងបច្ចេកវិទ្យាបច្ចុប្បន្ននៅស្រុកខ្មែរ និងពេញពិភពលោកដើរដល់ណាហើយ យើងបានដើរទាន់សម័យកាលរបស់គេដែរ ឬទេ»។

អ្នកចូលរួមជាច្រើនបានអំពាវនាវ និងចង់បានព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យាបែបនេះ មានជារៀងរាល់ឆ្នាំ ព្រោះមានសារៈសំខាន់ណាស់សម្រាប់កូនខ្មែរដែលស្រលាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗ និងឱកាសបានជួបជាមួយអ្នកជំនាញបើកបរយន្តហោះជាដើម។

សូមជម្រាបជូនថា ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (Air & Tech Show) ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ៕

May be an image of helicopter and text

អត្ថបទ៖ សាងតេជៈ រូបភាព៖ Air & Tech Show