CEO ក្រុមហ៊ុន ZO Motors នឹងតំឡើង​ស្ថានីយ៍​សាក​ថ្ម​រថយន្ដ​អគ្គិសនី​នៅ​តាម​បណ្តាញ​ដឹក​ជញ្ជូន​ និង​ទីក្រុង​សំខាន់ៗ

ZO​ Motors​ (Cambodia)​ គឺជា​ក្រុមហ៊ុន​ដំឡើង​ និង​ចែកចាយ​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹក​ទំនិញ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ZO​ Motors​ ផ្តោត​លើ​រថយន្ត​ពាណិជ្ជកម្ម​ដើរ​ដោយ​ថាមពល​ថ្ម​ ដោយ​រួម​បញ្ចូល​នវានុវត្តន៍​បច្ចេកវិទ្យា​ខ្ពស់​ ដូច​ជា​កា​រត​ភ្ជាប់​ឆ្លាត​វៃ​ និង​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ជប៉ុន។

ដោយ​មានការ​គាំទ្រ​ពី​ដើមទុន​អន្តរជាតិ​ ZO ​បាន​សហការ​ជាមួយ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ និង​បច្ចេកវិទ្យា​រថយន្ត​ពាណិជ្ជកម្ម​ថាមពល​ថ្មី​អន្តរជាតិ​កំពូលៗ​។ លោក​ Zhao​ Wenbo​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ZO​ Motors​ (Cambodia)​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​វិស័យ​ថាមពល​ ក្រុមហ៊ុន​ ZO​ Motors​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​បេស​កម្ម​របស់​ខ្លួន​ ក្នុង​ការ​កែប្រែ​កម្ពុជា​ ឆ្ពោះទៅ​កាន់​និរន្តរភាព​។​ ZO​ Motors​ បាន​ប្រកាស​ដាក់​ដំណើរការ​គម្រោង​ ‘​រយ​ស្ថានីយ​ និង​ពាន់​ស្ថានីយ​’​។​

តាមដានជាមួយយើង៖ Million Times

លោក​ Zhao​ Wenbo ខាងស្តាំចាប់ដៃជាមួយ CEO ABA

លោកថា ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​បន្ទាប់​ យើងខ្ញុំ​មាន​គោលបំណង​សម្រេច​តំឡើង​ស្ថានីយ៍​សាក​ថ្ម​រថយន្ដ​អគ្គិសនី​ នៅ​តាម​បណ្តាញ​ដឹក​ជញ្ជូន​ និង​ទីក្រុង​សំខាន់ៗ​ ឲ្យ​កាន់តែ​ទូលំទូលាយ​។​ លោក Zhao លើកឡើងយ៉ាងដូច្នេះក្នុងពេល​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ធនាគារ​ ABA នាពេលថ្មីៗនេះ។

ក្រុមហ៊ុន ZO MOTORS បានអភិវឌ្ឍន៍លើផ្ទៃដីសរុប ១០ ហិកតា ដោយដំឡើងនូវរថយន្ដអគ្គិសនីប្រើប្រាស់សម្រាប់អាជីវកម្ម និងគ្រួសារ ដោយធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកព្រមទាំងនាំទៅកាន់ទីផ្សារអាស៊ានរ។ ក្រុមហ៊ុនបញ្ជាក់ថា នៅក្នុងរយៈពេល ៣ឆ្នាំទៅមុខរោងចក្រនេះនឹងអាចដំឡើងរថយន្ដបានរហូតដល់ចំនួន ១ម៉ឺនគ្រឿងនៅក្នុងមួយឆ្នាំឯណោះ។ ក្នុងនោះដែរនៅពេលបើកដំណើរការរោងចក្រនេះក៏នឹងផ្ដល់ឱកាសការងារចំនួន ៥០០ កន្លែងផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ZO MOTORS