កាលពីថ្ងៃទី១១ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងមានបំណងបង្កើតសម្ព័ន្ធភាព AI ជាមួយសម្ព័ន្ធមិត្ត ដែលជាក្រុមប្រទេស BRICS។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គោលដៅនៃការបង្កើតសម្ព័ន្ធភាព AI ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ពិភពលោក គឺដើម្បីរារាំងដល់ការរីកលូតលាស់ និងការគ្រប់គ្រងរបស់អាមេរិក លើវិស័យបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះ។
ថ្លែងនៅក្នុងសន្និសីទ AI ដ៏ល្បីរបស់រុស្ស៊ី លោក Putin បានមានប្រសាសន៍ថា បណ្ដាញសម្ព័ន្ធភាព AI ថ្មី នឹងរួមបញ្ចូលនូវសមាគមជាតិ និងស្ថាប័នអភិវឌ្ឍន៍ក្នុងវិស័យ AI មកពីបណ្តាប្រទេស BRICS និងរដ្ឋដែលចាប់អារម្មណ៍ផ្សេងទៀត។
បុរសខ្លាឃ្មុំទឹកកករូបនេះបន្ថែមទៀតថា រុស្ស៊ីត្រូវតែចូលរួមដោយស្មើភាព សម្រាប់ការប្រកួតប្រជែងលើវិស័យ AI ដែលកំពុងរីកសុះសាយ។ បច្ចុប្បន្នរុស្ស៊ីបានអញ្ជើញអ្នកវិទ្យាសាស្តជុំវិញពិភពលោក ដើម្បីបង្កើតនូវបញ្ញាសិប្បនិមិត្តដ៏រឹងមាំមួយ។
សព្វថ្ងៃនេះ មានតែអាមេរិក និងចិនប៉ុណ្ណោះ ដែលជាស្ដេចត្រាញ់គ្របដណ្ដប់នៅលើវិស័យ AI ខណៈមហាអំណាចរុស្ស៊ី ហាក់នៅចំណុចទាបក្នុងការប្រកួតប្រជែងមួយនេះ។ ដូច្នេះហើយរុស្ស៊ីមានបំណងជំរុញការអភិវឌ្ឍន៍ AI ដោយរួមដៃជាមួយក្រុមសម្ព័ន្ធមិត្ត រួមមាន ចិន និងឥណ្ឌា ដែលសុទ្ធតែជាជើងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា៕
អត្ថបទ៖ Luffy រូបភាព៖ Reuters