កម្មវិធីតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ ២០២៤ ជិតចាប់ផ្ដើមហើយ ដែលជាឱកាសល្អមួយ សម្រាប់អ្នកចង់ឃើញ និងស្វែងយល់ពីបច្ចេកវិទ្យាផ្សេងៗទាក់ទងនឹងយន្តហោះ មិនគួររំលងឡើយ។
វាជាកម្មវិធីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីបង្ហាញយន្តហោះ និងបំផុសទឹកចិត្តយុវជនដែលមានទេពកោសល្យ ចង់យល់ដឹងបន្ថែមអំពីឯកទេសខាងយន្តហោះ ព្រមទាំងបច្ចេកវិទ្យាមួយចំនួនទៀត។
កម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ ២០២៤ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី កងទ័ពជើងអាកាសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញយន្តហោះ ផលិតផលបច្ចេកវិទ្យារបស់សិស្ស/និស្សិត។
គោលបំណងនៃការតាំងពិព័រណ៍នេះ មានគោលដៅក្នុងការបំផុសទឹកចិត្តយុវជន និងឲ្យយុវជនកម្ពុជាដែលមានទេពកោសល្យចង់យល់ដឹងបន្ថែមអំពីឯកទេសខាងយន្តហោះ និងបច្ចេកវិទ្យា។ ពិព័រណ៍នេះ បានផ្ដល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនា ទទួលយកបទពិសោធន៍ និងចំណេះដឹង ព្រមទាំងព័ត៌មានផ្សេងៗក្នុងអំឡុងពេលតាំងពិព័រណ៍ ក៏ដូចជាពីអ្នកនៅការតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ជាពិសេសនោះគឺ អ្នកបើកយន្តហោះដែលឈរនៅក្បែរយន្តហោះផ្ទាល់តែម្ដង។
ដំណើរការតាំងពិព័រណ៍ឆ្នាំ ២០២៤ នេះ ធ្វើឡើងចុងសប្ដាហ៍ មិនប៉ះពាល់ការសិក្សា និងការងារឡើយ៕
អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Air & Tech Show