នាថ្ងៃនេះមានការដាក់សម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ចាន់ សុវុឌ្ឍ បានឲ្យដឹងថាការដាក់សម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់ នាឲ្យដំណើរការ ដើម្បីបង្កើនភាពប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ CPC ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលនេះជាសមិទ្ធផលនៃថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) បង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។
ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់ខ្លាំង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនកំពុងជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ ព្រមជ ជាមួយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុជាដើម។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើនតម្រូវការដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។
មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយផ្ដល់ដំណោះស្រាយទំនើបៗ បានសមស្របទៅតាមតម្រូវការរបស់សហគ្រាសក្នុងស្រុក និងការបណ្ដុះបណ្ដាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញចាំបាច់ សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វាមិនត្រឹមតែដើរតួនាទីជាមជ្ឈមណ្ឌលបណ្ដុំ សម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់ឲ្យសិស្ស និស្សិត និងអ្នកស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍ និងផ្សារភ្ជាប់រវាងគម្លាតចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ