មន្ទីរពិសោធន៍ជាតិ វ.ប.ន មានភារកិច្ចសិក្សាស្រាវជ្រាវ ធ្វើតេស្ត វិភាគដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់​ វ.ប.ន មានតួនាទីសំខាន់ក្នុងការគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជា។ មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា កំណែទម្រង់នេះមានគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រែក្លាយស្ថាប័ននេះ ជាមន្ទីរពិសោធន៍ឈានមុខគេ ក្នុងការគាំទ្រវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

តាមដានជាមួយយើង៖ Million Times

តាមរយៈការធានាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗ ដូចជា NATA នៃប្រទេសអូស្ត្រាលី និង SAC-SINGLAS នៃប្រទេសសិង្ហបុរី កំណែទម្រង់នេះនឹងបង្កើនទំនុកចិត្តរបស់អតិថិជនលើមន្ទីរពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិបន្ថែមទៀត។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ ជា​​​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអក្សរ​កាត់​ថា ម.ជ.វ.ប.ន. មាន​ឈ្មោះជាភា​សាអង់គ្លេស​ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY ​មានអក្សរកាត់ ​STINL។ អនុក្រឹត ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចុះ​ហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ទីរពិសោធន៍ជាតិ វ.ប.ន មាន​ភារកិច្ច​ជាអាទិ៍​ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាម​ការស្នើសុំ ​និង​ភាពចាំបាច់។

មន្ទីរពិសោធន៍ជាតិនេះ ក៏មានភារកិច្ច សិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវ​សហប្រតិបត្តិការជាមួយមន្ទីរ​ពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតប​នឹងតម្រូវការបន្ទាន់របស់ជាតិ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

គួរឲ្យដឹងដែរថា កាលពីដើមខែធ្នូឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា នូវសម្ភារការិយាល័យ ឧបករណ៍ពិសោធន៍ ឧបករណ៍អភិវឌ្ឍបច្ចេកទេសផលិកម្មអាហារ និងការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗជូនដល់មន្រ្តីនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍។

លើសពីនេះ វិទ្យាស្ថានអាហារជាតិចិន បានបរិច្ចាគឧបករណ៍វាស់កម្រិតប្លាស្មា រួមបញ្ចូលគ្នាឧបករណ៍វាស់ស្ទង់កម្រិតអង្គធាតុរាវ និងឧបករណ៍ធ្វើតេស្តសំខាន់ៗ ដូចជា ឧបករណ៍វាស់ស្ទង់អ៊ីនហ្វ្រារ៉េដ ម៉ាស៊ីនទឹក ក៏ដូចជា ឧបករណ៍ដំណើរការសម្រាប់អាហារសំខាន់ៗ ជួយកសាងសមត្ថភាព ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំជាអាហាររបស់កម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតអាហារសំខាន់ៗ ធ្វើឲ្យប្រសើរឡើងនូវកម្រិតអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ និងកម្រិតសុវត្ថិភាពចំណីអាហាររបស់កម្ពុជា៕ 

អត្ថបទ៖ សាងតេជៈ រូបភាព៖ BRANDMEDIA