ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia និងរដ្ឋាភិបាលវៀតណាម បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យា AI អំឡុងពេលនាយកប្រតិបត្តិ Jensen Huang បំពេញទស្សនកិច្ចនៅទីនោះ។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងមួយនោះ ក្រុមហ៊ុន Nvidia នឹងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដំបូងបំផុតនៅវៀតណាម។
បន្ថែមពីនោះ មេធំក្រុមហ៊ុន Nvidia ក៏បានអះអាងដែរថា ក្រុមហ៊ុនរបស់លោកស្វាគមន៍ ក្នុងការសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងប្រទេសវៀតណាម ដើម្បីស្រាវជ្រាវបន្ថែម ក៏ដូចជាធ្វើឲ្យប្រទេសមួយនេះ ពោរពេញទៅដោយធនធានមនុស្ស ជាពិសេសលើផ្នែកបច្ចេកវិទ្យា។
គួររំលឹកបន្តិចថា តម្លៃនៃកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI រវាង Nvidia និងវៀតណាម មិនបានបង្ហើបឲ្យដឹងពីព័ត៌មានលំអិតឡើយ សូម្បីតែកញ្ចប់ចំណាយ និងទីតាំងសាងសង់ ក៏ស្ថិតនៅក្នុងការណ៍សំងាត់ផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress