កាលពីថ្ងៃ ៥ ខែធ្នូ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ បានឡើងថ្លែងថា ក្រសួងនឹងប្រែក្លាយសេវាប្រមាណ ៥០០ មុខ ឲ្យទៅជាសេវាតាមរយៈឌីជីថល ទាំងផ្នែកសូរិយោដី និងផ្នែកសំណង់។
លោករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា ទៅថ្ងៃខាងមុខនេះ បើសិនជាចង់លក់ផ្ទះ គ្រាន់តែចូលទៅក្នុង App ចូលទៅក្នុងពាក្យថា «លក់ផ្ទះ» បន្ទាប់មកនឹងមានកន្លែងចរាចរ បើសិនជាមានអ្នកណាចាប់អារម្មណ៍ ចង់ទិញផ្ទះដែលបានដាក់លក់នោះ។ លោក សាយ សំអាល់ បានបញ្ជាក់ថា ការដាក់លក់ផ្ទះ នៅក្នុង App នេះ មិនមានការលំបាកនោះទេ ឲ្យតែផ្ទះដែលដាក់លក់មានការបង់ពន្ធបានត្រឹមត្រូវ។
ជាចុងក្រោយឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានឲ្យដឹងផងដែរថា ក្រសួងក៏បានដាក់ឲ្យដំណើរការសាកល្បងផងដែរ នៃការចុះបញ្ជីដីធ្លី ខណៈបច្ចុប្បន្នការចុះបញ្ជីដីធ្លី ត្រូវធ្វើដំណើរទៅសូរិយោដី ដើម្បីបំពេញបែបបទ តែថ្ងៃក្រោយ អាចដំណើរការតាមទូរស័ព្ទដៃបាន អត់ចាំបាច់ពិបាក ក្នុងការធ្វើដំណើរទៀតនោះទេ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់