ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដោយឈរលើមូលដ្ឋានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។


តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ចុចប៊ូតុងបើកឲ្យប្រើប្រាស់ប្រព័ន្ធ cdcIPM) នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី
លោកថ្លែងថា «ប្រព័ន្ធថ្មីនេះនឹងចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនមួយកម្រិតថែមទៀត»។
លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងមិនគ្រាន់តែផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគដាច់ឡែកនោះឡើយ ប្រព័ន្ធនេះនាពេលខាងមុខនឹងក្លាយជាយន្តការបច្ចេកវិទ្យាអេកូឡូស៊ីច្រកចេញ-ចូលតែមួយដ៏មានសក្តានុពល ផ្តល់លទ្ធភាពធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ cdcIPM និងក្រសួង-ស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ មានន័យថាក្នុងដំណាក់កាលបន្ទាប់ ការចុះបញ្ជីគម្រោងវិនិយោគតែមួយលើក ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងទទួលបានព័ត៌មាន និងឯកសារ សំណើរបស់វិនិយោគិន ដែលត្រូវបានចេញដោយ CDC ក្នុងការពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងវិស័យឯកជន អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការគាំទ្រដែលប្រមុខរាជរដ្ឋាភិបាល បានអនុម័តបង្កើតរៀបចំ ប្រព័ន្ធ cdcIPM នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា តែងតែដើរទាក់ម៉ូយ ឱ្យមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ដូច្នេះការមកដល់របស់ម៉ូយ គឺស្វាគមន៍ដោយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdc IPM) នេះ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
អ្នកឧកញ៉ាគូសបញ្ជាក់ថា ប្រព័ន្ធ cdcIPM នេះ គឺជាប្រព័ន្ធមួយ ដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួល ដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែមទៀត។
អ្នកឧកញ៉ា សៀ ឫទ្ធី អនុសមាគមឧកញ៉ាកម្ពុជា ក៏បានថ្លែងអំពាវនាវដល់វិនិយោគិនកម្ពុជា ដែលមានដៃគូមកពីក្រៅប្រទេស ត្រូវអភិវឌ្ឍន៍ខ្លួនឯង ត្រូវច្បាស់លាស់ពីបច្ចេកវិទ្យា តែប្រសិនបើយើងមិនច្បាស់លាស់ ពីប្រព័ន្ធ cdcIPM បច្ចេកវិទ្យាទេនោះ ការបង្កើតប្រព័ន្ធ cdc IPM ក៏មិនបានផ្ដល់ប្រយោជន៍ច្រើនដល់អ្នកវិនិយោគនោះដែរ ព្រោះវិនិយោគិនក្នុងស្រុក ជាអ្នកតំណាងវិនិយោគិនក្រៅស្រុក។ ដូច្នេះយើងគួររៀន និងសិក្សាបន្ថែម ដើម្បីទាញប្រយោជន៍ពីប្រព័ន្ធ cdcIPM ដែលបង្កើតដោយ CDC នេះ ធ្វើជាប្រយោជន៍ទាញអ្នកវិនិយោគពីក្រៅប្រទេស ដើម្បីបង្កើនសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា៕

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC