អ្នកជំនួញធំៗច្រើនចូលរួមពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា «cdcIPM»

នៅ​ព្រឹក​ថ្ងៃ ២៧ ខែ​វិច្ឆិកា​ម្សិលមិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត លើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល ដោយ​ផ្ដល់​សេវា​សាធារណៈ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (ប្រព័ន្ធ cdcIPM) ជា​ផ្លូវការ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ព្រម​ជាមួយ​វត្តមាន​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ អ្នក​ធុរកិច្ច និង​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​​។

តាមដានជាមួយយើង៖ Million Times

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា “ប្រព័ន្ធ cdcIPM” មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង​ស្ថាប័ន​នានា​អគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​អង្គទូត អង្គការ​ជាតិ អន្តរជាតិ វិស័យ​ឯកជន អ្នក​ជំនួញ​ធំ​ៗ សេដ្ឋី​ល្បី​ៗ និង​បណ្ដាញ​សារព័ត៌មាន​សរុប​ប្រមាណ ៣៥០ នាក់។

បើតាមលោក ស៊ុន ចាន់ថុល ប្រព័ន្ធ cdcIPM នេះ ផ្ដល់​លទ្ធភាព​ឲ្យ​វិនិយោគិន​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា សម្រួល​កិច្ច​វិនិយោគ​ឲ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួល កាត់​បន្ថយ​ពេលវេលា ធានា​បាន​តម្លាភាព សុក្រឹតភាព និង​ប្រសិទ្ធភាព ព្រមទាំង ចូលរួម​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា។

ប្រព័ន្ធ​ថ្មី​នេះ​នឹង​ចូលរួម​ពន្លឿន​ការ​ផ្ដល់​សេវា​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ដោយ​ប្ដូរ​ពី​ការ​ធ្វើ​លើ​ឯកសារ​រឹង ទៅ​ជា​ការ​ធ្វើ​តាម​ប្រព័ន្ធ​ឌីជីថល​ទាំង​ស្រុង កាត់បន្ថយ​តម្រូវការ​នៃ​ការ​ជួប​ផ្ទាល់​រវាង​វិនិយោគិន និង​អ្នក​ផ្ដល់​សេវា បង្កើន​ភាព​ងាយស្រួល ដោយ​ធ្វើឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​វិនិយោគិន​មួយ​កម្រិត​ថែម​ទៀត៕

អត្ថបទ៖ មេរ៉ា រូបភាព៖ FB Chanthol Sun DPM