ក្រុមហ៊ុនផលិតមនុស្សយន្តចិន Deep Robotics បានបញ្ចេញនូវឆ្កែយន្តសេរីចុងក្រោយបង្អស់ មានសភាពធន់ជាងមុន និងរត់បានលឿនជាងមុននៅគ្រប់ស្ថានភាពផ្លូវ មិនថាមានឧបសគ្គបែបណា។


សារព័ត៌មាន Newsweek បានរាយការណ៍ថា ជំនួសឲ្យការបំពាក់ជើងធម្មតាដូចជំនាន់មុនៗ ឆ្កែយន្តសេរីចុងក្រោយ Lynx ត្រូវបានក្រុមហ៊ុនបំពាក់នូវកង់វិលចំនួន ៤គ្រាប់ យកលំនាំតាមម៉ូតូកង់បួន ហើយវាអាចរត់បានយ៉ាងលឿននៅតាមជម្រាលថ្ម ដោយគ្មានបញ្ហា។
មិនតែប៉ុណ្ណោះ ឆ្កែយន្តមួយនេះថែមទាំងអាចបញ្ជាពីចម្ងាយ និងអាចស្វែងរកគោលដៅ នៅទីកន្លែងកំណត់បានយ៉ាងលឿន ដោយវាបានភ្ជាប់មកជាមួយនូវកាមេរ៉ា Panoramic ជំនាន់ខ្ពស់ និងមានឧបករណ៍ LiDAR ក្នុងការស្វែងរកផ្លូវដ៏ទំនើបថែមទៀត។
ក្រុមហ៊ុន Deep Robotics គឺជាអ្នកផលិតឆ្កែយន្តឈានមុខគេនៅប្រទេសចិន ហើយគ្រប់ផលិតផលរបស់ពួកគេ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ក្នុងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការត្រួតពិនិត្យសន្តិសុខ ការរុករក និងប្រតិបត្តិការសង្គ្រោះសាធារណៈ៕



អត្ថបទ៖ Luffy រូបភាព៖ Deep Robotics