ក្រុមហ៊ុន ជីបម៉ុង ចាយអស់ ៤០ម៉ឺនដុល្លាររៀបចំព្រឹត្តិការណ៍ Gumball 3000

ការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចំណាយថវិកាប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក ដើម្បីឲ្យព្រឹត្តិការណ៍ដ៏កម្រនេះកើតឡើងបាននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ប្រយោគសារដ៏ពិសេសមួយដែលឧកញ៉ា លាង ពៅ ហៅ ភីធ័រ តែងបន្លឺឡើង «Gumball ដើម្បីទេសចរណ៍»។ លោកថ្លែងថា ក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia រយៈពេល៣ថ្ងៃកាលពីខែកញ្ញាកន្លងទៅនោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំណាយថវិកាប្រមាណ៤០ម៉ឺនដុល្លារ។

តាមដានជាមួយយើង៖ Million Times

ព្រឹត្តិការណ៍ Gumball 3000 មានរថយន្តចូលរួមសរុប ៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន ២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ ៥៦៣នាក់ ខណៈប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់។

ក្នុងឱកាសបើកកម្មវិធី Post Gumball 3000 នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង ក៏បានរំឭកពីភាពជោគជ័យនៃគោលបំណងចម្បងៗចំនួន៤ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ហើយក៏ជាឧត្តមប្រយោជន៍គួរជាទីមោទនៈសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្នុងនោះរួមមាន៖ ជាយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍, យុទ្ធការសប្បុរសធម៌, ជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិ និងអន្តរជាតិ និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប ស្ថាប័ន Giunness World Records បានប្រគល់ផ្លូវការនូវវិញ្ញាបនបត្របញ្ជាក់ពីការបំបែកកំណត់ត្រាពិភពលោក «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ដល់ក្រសួងទេសចរណ៍កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Gumball 3000