មេធំធនាគារជាតិ ជំរុញអ្នកលក់ដូរតាមដងផ្លូវប្រើ KHQRជាប្រាក់រៀល

មេធំធនាគារជាតិ ជំរុញអ្នកលក់ដូរតាមដងផ្លូវប្រើ KHQRជាប្រាក់រៀល

ទេសាភិបាលនៃធនាគារជាតិ លោកស្រី ជា សិរី បាន​ជំរុញ​ឲ្យ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ប្រើ KHQRប្រាក់​រៀល ដើម្បី​ងាយ​ស្រួល​ភ្ញៀវ​ទេសចរ​ទូទាត់ នៅពេលដែលពួកគេមកទស្សនា​តាមរមណីយដ្ឋាននានានៅកម្ពុជា។

ក្នុងពិធីដាក់​ឲ្យ​យដំណើរការ​កម្មវិធី​ទូទា​ត់បាគង ទេសចរ ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard នៅ​ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកានេះលោកស្រី ជា សិរី បានគូសបញ្ជាក់ថា ​ដើម្បី​សម្រួល​ក្នុង​ការ​ចាយវាយ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ពេល​មក​លេង​នៅ​កម្ពុជា អាច​ស្កេន​តាម​កន្លែង​លក់​ដូរ​នានា តាម​ផ្លូវ​បាន​ងាយ​ស្រួល លុះត្រា​តែ​អ្នក​លក់​​ត្រូវ​ដាក់ KHQRជា​លុយ​រៀល បើ​គាត់​មិន​ដាក់​ជា​លុយ​រៀលទេ​ភ្ញៀវ​ទាំង​នោះ​មិន​អាច​ស្កេន​បាន​ទេ។

លោកស្រីថ្លែងថា៖ «ភ្ញៀវទេសចរបរទេសដែលមកលេងស្រុកខ្មែរដែលប្រើកាតត្រូវភ្ជាប់អេបទួរីសបាគងរបស់ធនាគារជាតិអាចស្កេនបញ្ចូលកាតទៅក្នុងអេបហើយអាចស្កេនKHQRបានតាមទីតាំងលក់ដូរនៅទូទាំងប្រទេស»។

បន្ថែម​ពី​នោះ លោកស្រីក៏បានលើកទឹកចិត្ត និងជំរុញដល់អ្នកធ្វើអាជីវកម្ម​ផ្នែក​វិស័យ​ទេសចរណ៍ និង​តំណាង​ក្រសួង​ទេសចរណ៍ ​សូម​ជួយ​ផ្សព្វផ្សាយ​លើ​ការងារ​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយដោយ​ឲ្យ​អ្នក​លក់​ដាក់ KHQRលុយ​រៀល ​ហើយបើ​ដាក់​ជា​ដុល្លារ​គឺស្កេន​មិន​ចេញ​នោះទេ។ បើតាមលោកស្រី
បច្ចុប្បន្នមាន KHQR រហូតដល់ទៅជិត ៤លានកន្លែងទូទាំងប្រទេស និង​កន្លែង​អាច​ប្រើ​កាត​បាន​មាន​តែ ៥៥ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស។

ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពីភ្ញៀវទេសចរកម្ពុជាមួយចំនួនទៅប្រទេសវៀតណាម ថៃ និងឡាវ មិនអាចស្កេនបានតាមKHQR ដោយលោកស្រីបានពន្យល់ថាការចាយវាយនៅក្រៅប្រទេសដូចជាទៅប្រទសថៃ វៀតណាម និងឡាវអាចស្កេនបានសម្រាប់តែធនាគារមួយចំនួនប៉ុណ្ណោះខណៈមានធនាគារដ៏ទៃទៀតកំពុងធ្វើសន្ធានកម្មជាបណ្តើរៗដើម្បីអាចឱ្យអតិថិជនរបស់ខ្លួនអាចចាយវាយឬស្កេននៅប្រទេសទាំងនោះបាន ប៉ុ ន្តែលុះត្រា តែអតិថិជនមានគណនីជាប្រាក់រៀលបើគាត់អត់មានទេគាត់អត់ចាយបានទេ។ តែអ្វីដែលច្បាស់អាចយកទៅទូទាត់នៅតាមប្រទេសទាំងនោះបានគឺប្រើប្រព័ន្ធអេបបាគងនៃធនាគារជាតិនៃកម្ពុជា៕

អត្ថបទ៖ មេរ៉ា រូបភាព៖ ធនាគារជាតិនៃកម្ពុជា