កម្ពុជា សម្រេចចិត្តជួលយន្តហោះ៣គ្រឿងពីក្រុមហ៊ុន Zhongyu Aviation Group

កម្ពុជា សម្រេចចិត្តជួលយន្តហោះ៣គ្រឿងពីក្រុមហ៊ុន Zhongyu Aviation Group

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង ពីក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាន និងកម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿងនេះ មិនត្រឹមជាព្រឹត្តិការណ៍ធំសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីមួយទៀត។

តាមដានជាមួយយើង៖ Million Times

លោកក៏បានណែនាំឲ្យក្រុមហ៊ុន Zhongyu Aviation Group និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កែលម្អនីតិវិធីកិច្ចសហប្រតិបត្តិការទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្របសម្រួលជាមួយក្រុមហ៊ុនដែលផលិតអាកាសយាន ATR ចំពោះពេលវេលានៃការផលិត ដើម្បីធានាថាអាកាសយាននេះនឹងបានប្រគល់ទៅតាមការគ្រោងទុក និងដល់គោលដៅ។

លោក ម៉ៅ ហាវណ្ណាល់ ក៏មិនភ្លេចប្រាប់ក្រុមហ៊ុនចិនឲ្យដឹងដែលថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ ឱ្យក្រសួងការបរទេសកម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជំរុញការបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងចឹងចូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះនេះជាពេលវេលាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងខេត្តហឺណាននិងកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម