គម្រោងស្តារស្ទឹងស្លាប់សម្រេចបាន ៣៥% ដើម្បីរំដោះទឹក និងពង្វាងទឹកជំនន់

គម្រោងស្តារស្ទឹងស្លាប់សម្រេចបាន ៣៥% ដើម្បីរំដោះទឹក និងពង្វាងទឹកជំនន់

គម្រោងស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបាន ៣៥%ហើយគិតត្រឹមដើមខែតុលា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គម្រោងស្តារស្ទឹងស្លាប់មានប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង។ 

តាមដានជាមួយយើង៖ Million Times

សូមបញ្ជាក់ថា គម្រោងនេះមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដីបង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៣៥%។

គម្រោងស្តារស្ទឹងស្លាប់គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។

ក្នុងពេលជិះទូកស្មាចចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ កាលថ្ងៃទី១០ ខែសីហា សម្តេច ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ឲ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក កំពង់គោ និងស្ទឹងស្លាប់ ស្ថិតក្នុងខេត្តកំពង់ធំផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងធនធានទឹក