ចិនផ្ដល់ជំនួយឥតសំណង ៣០០លានយ័នកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ចិនផ្ដល់ជំនួយឥតសំណង ៣០០លានយ័នកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ រវាងសម្តេច ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ចិនបានផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័នដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

នាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។  

បន្ថែមលើនេះ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ទន្ទឹមនេះក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តចធិបតី