កាន់តែជិតចូលដល់ថ្ងៃបើកការដ្ឋានមែនទែនហើយ ក្រោយពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ។
បើតាមការបញ្ជាក់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ