តាមផែនការដែលបានគ្រោងទុកក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិករបស់ជប៉ុន មីនេបៀ នឹងបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួននៅថ្ងៃទី២០ ខែកញ្ញាខាងមុខ លើផ្ទៃដីប្រមាណ ៥០ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមហ៊ុនមីនេបៀ ខេមបូឌា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន ជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនជប៉ុន មីនេបៀ ក្នុងការចូលរួមចំណែកបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា និងបង្កើតគំរូស្តង់ដាល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតកម្ពុជា។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននេះ៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម