​ទំនប់អាងទឹកអូរតេ ធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមកផ្គត់ផ្គង់ទឹក​ឲ្យខេត្តចំនួន ៤

​ទំនប់អាងទឹកអូរតេ មានលទ្ធភាពផ្គត់ផ្គង់ទឹកឲ្យតាមបណ្តាលខេត្តដល់ទៅ ៤ខេត្ត គឺ​ជាទំនប់អាងទឹកធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមក ជាប្រភព​ទឹករស់ដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទឹកដែលត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការដ៏ពេលខាងមុខហើយ។

​ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទំនប់អាងទឹកអូរតេ និង​ទំនប់អាងទឹកទំនប់លើទំនប់ក្រោម​​គ្របដណ្តប់លើផ្ទៃដី​ និងទឹកចំនួនប្រមាណ​ ៦០ហិកតា និងមានធារទឹក​ជាង ១២លានម៉ែត្រគូប​ ស្ថិត​ក្នុងស្រុកអូរាំង និងក្រុងសែនមនោរម្យ របស់ខេត្តមណ្ឌលគិរី។

តាមដានជាមួយយើង៖ Million Times

បណ្តាទំនប់នេះគឺ​ជាទំនប់អាងទឹកធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមក ជាប្រភព​ទឹករស់ដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទឹក ដើម្បី​បម្រើដល់សេចក្តីត្រូវការលើគ្រប់វិស័យ​របស់​ខេត្តក្នុងតំបន់ភូមិភាគឦសានដែល​រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយ​ក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ក្នុងតំបន់ផងដែរ​។

ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្របានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ​ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ។

ក្រសួងធនធានទឹកបញ្ជាក់ថា ទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ត្រូវបានដាក់ឈ្មោះថា៖ ទី១)ទំនប់អូរតេ ទៅជា ទំនប់អូរតេធិបតី ទី២)ទំនប់លើ ទៅជា ទំនប់សែនសុខដុម និងទី៣)ទំនប់ក្រោម ទៅជា ទំនប់សែនមនោរម្យ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងធនធានទឹក