មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនចិន CRBC បានការចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ក្នុងការតភ្ជាប់ខ្សែផ្លូវទៅកាន់តំបន់កន្ទុយនាគ។
ខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ដែលរួមមាន ផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ផ្លូវជាតិលេខ៧៦-៤ ផ្លូវជាតិលេខ៧៨-៥ ផ្លូវខេត្តលេខ៣៧៨៩ និងផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនឆ្ពោះទៅតំបន់កន្ទុយនាគ(ព្រំដែនកម្ពុជា ឡាវ វៀតណាម)។
ការចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនរបស់មន្រ្តីក្រសួង និងក្រុមហ៊ុនចិន CRBC ដើម្បីពិនិត្យវាយតម្លៃលើស្ថានភាពខ្សែផ្លូវបច្ចុប្បន្ន ដែលកំពុងធ្វើការជួសជុល ថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ និងប្រមូលទិន្នន័យបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសស្ថានភាពភូមិសាស្រ្តជាក់ស្តែងនៃផ្លូវជាតិលេខ៧៨-៥ និងតម្រុយខ្សែផ្លូវស្របតាមបន្ទាត់ខ្សែក្រវាត់ព្រំដែនដែលជាជម្រើសផ្សេងទៀតក្នុងការតភ្ជាប់ខ្សែផ្លូវទៅកាន់តំបន់កន្ទុយនាគក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើដល់វិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។
ការប្រកាសចាប់ផ្តើមសិក្សាគម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ ធ្វើឡើងស្របតាមឆន្ទៈរបស់អតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ដែលបានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ