វឌ្ឍនភាពនៃការសាងសង់អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលជាផ្នែកមួុយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប សម្រេចបានប្រមាណ ៨៩%ហើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។
បើតាមរបាយការណ៍ការងារស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និងការងារជួសជុល និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង គិតមកដល់ដើមខែកញ្ញានេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៩%។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ហើយបច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងធនធានទឹក