គណៈប្រតិភូក្រុមជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CRBC បន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CRBC ឱ្យដឹងថា ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ គម្រោងសាងសង់តាមអនុវត្តតាមផែនការដែលបានគ្រោងទុក។ ការចុះពិនិត្យនាពេលនេះ ដើម្បីធានាគុណភា និងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។
បញ្ជាក់នៅលើទំព័រហ្វេសបុករបស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍ ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន ជាពិសេសបានចុះពិនិត្យខ្សែផ្លូវត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។
គួរឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណកាេ