វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
បណ្តាញសង្គមនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។
គួរឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវតភ្ជាប់ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបេច្ចេទេសក្វាងចូវវ៉ានអាន។
គម្រោងនេះនឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាជាង ១១៤លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី