ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះបើតាមព័ត៌មានទទួលបានពីមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំណតកំពង់ផែកុងទីន័រ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) អតីតឯកអគ្គជប៉ុន ប្រចាំនៅកម្ពុជា។
របាយការណ៍ពីក្រសួងសារធារណការ ចំណតផែច្រាំងទំនិញទូទៅមានប្រវែង២៥៣ម៉ែត្រ ត្រូវបានសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ។
គម្រោងនេះ ត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារអាម៉េរិក ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាម៉េរិក និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាម៉េរិក។
គម្រោងទាំងអស់នេះ គម្រោងទាំងនេះ ប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារអាម៉េរិកក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាមេរិក៕
អត្ថបទ៖ ផល កុសល រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ