ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រុមហ៊ុន Yooshin Engineering Co. Ltd. ដើម្បីត្រៀមបើកការដ្ឋានសាងសង់។
បើតាមក្រសួងសាធារណការ កិច្ចប្រជុំកាលពីថ្ងៃអង្គារបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលកូរ៉េនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍សិក្សាបឋមបានឲ្យដឹង គម្រោងសាងសង់ស្ពាននេះ គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ក្នុងជំនួបជាមួយម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម