រាជរដ្ឋាភិបាលអះអាងថានឹងទូទាត់សងរាល់ផលប៉ះពាល់ក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ តែទោះជាយ៉ាងណាក៏បានសុំការយោគយល់ចំពោះប៉ះពាល់ទាំងឡាយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាមកាត់បន្ថយផលប៉ះពាល់ឱ្យបានខ្ពស់បំផុត។ នេះជាការលើកឡើងពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះទៅសិក្សារាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយទូទាត់សងលើការប៉ះពាល់នោះ សូម្បីតែដើមឈើហូបផ្លែនានាក៏នឹងត្រូវទូទាត់សងផងដែរ។
លោកគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលយើងដោះស្រាយតាម គោលនយោបាយ តាមច្បាប់តម្លាប់ដែលយើងមាន មិនមែនរំលោភយកដីពីបងប្អូនប្រជាពលរដ្ឋមកកសាងព្រែកជីកនោះទេ។ សូមកុំជឿការញុះញង់រដ្ឋាភិបាលរំលោភយកដីមិនសងថវិកាមិនមែនទេ មិនមែនដាច់ខាត»។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើលើផ្លូវទឹកធម្មជាតិដែលមានស្រាបប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ។ តម្រាយនៃការសាងសង់ព្រែកជីកនេះ ភាគច្រើនជាវាលបឹង និងវាលស្រែ សម្រាប់លំនៅឋានប្រជាពលរដ្ឋប៉ះពាល់ច្រើននៅទីប្រជុំជន។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងព្រែកជីកនេះ ប៉ះពាល់ប្រហែលជា ១,៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន ១៤៩.៥ហិចតា ផ្លូវជាតិ ១៨ខ្សែ ប្រវែង ៤គីឡូម៉ែត្រ ផ្លូវលំ ៧០ខ្សែ ប្រវែង ៤៥គីឡូម៉ែត្រ ទំនប់ទឹក ២ខ្សែ ប្រឡាយទឹក ១៣ខ្សែ ដីស្រែ ២.៩ពាន់ហិកតា៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ