គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចការស្ថាបនាបានប្រមាណ ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ខណៈរថយន្តអាចធ្វើដំណើរបានដោយមានការប្រុងប្រយ័ត្ន។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ផន រឹម បានឲ្យដឹងថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែងនៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។ លោកថា ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធករណីនេះ លោក ផន រឹម អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
បើតាមអ្នកនាំពាក្យរូបនេះ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។ ន័យដូចបានជម្រាបជូនខាងលើ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ ដែលថវិកាចំណាយនេះគឺស្ថិតនៅក្រោមហិរញ្ញបទានសម្បទានពីប្រទេសកូរ៉េ៕
អត្ថបទ៖ សេដ្ខានី រូបភាព៖ ហ្វេសប៊ុកលោក ផន រឹម