ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ ១ ខណៈមានជម្រើសផ្លូវចំនួន ២។
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការសិក្សានេះ ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន Shanghai Construction Group Co., Ltd និងក្រុមការងារជំនាញបច្ចេកទេស។
បើតាមក្រសួងសាធារណការ កិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើតទៅផ្លូវជាតិលេខ ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) កាលពីថ្ងៃទី ១៩ កុម្ភ: ឆ្នាំ ២០២៤កន្លងទៅនេះ។
លោក សួង ហេង បានណែនាំដល់ភាគីពាក់ព័ន្ធសិក្សាបន្ថែមទៀត ធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចតាមដែលអាចធ្វើបាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថានប័នពាក់ព័ន្ធ និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឲ្យបានគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ដើម្បីដាក់លទ្ធផលនៃការសិក្សាជូនថ្នាក់ដឹកនាំ ពិនិត្យសម្រេច ឲ្យបានឆាប់។
គួរឲ្យដឹងថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ ១នេះ កំពុងសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស។ ក្នុងនោះជម្រើសផ្លូវទី ១ មានប្រវែង ១.៥៩៥ម និងជម្រើសផ្លូវទី ២ មានប្រវែង ១.៤៩០ម។ ខ្សែផ្លូវទាំង ២នេះ តភ្ជាប់ពីស្ពាន នៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ