គម្រោងស្តារពង្រីកប្រឡាយជាប់ព្រំដែនកម្ពុជា-វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននៃខេត្តស្វាយរៀង។
ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញវឌ្ឍនភាពនៃគម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី នៅតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំថ្មី ឃុំរាជមន្ទីរ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
គម្រោងនេះមានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦ ២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧គ្រួសារ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ការអភិវឌ្ឍគម្រោងនេះគឺក្នុងគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាល ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់អន្តរវិស័យ។
ដោយឡែកសម្រាប់ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវគមនាគមន៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំងជួយពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រក្សាបាននូវលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងធនធានទឹក