អគារថ្មីរបស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្ស ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តោយ ១០៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ ៩,២ម៉ែត្រ។
អគារថ្មីនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ លោកថ្លែងថា សមិទ្ធផលអគារថ្មីដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះដែរ លោក ស សុខា ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្តប្រែប្រួល និងបទពិសោធ ដែលបានកើតឡើងទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ ដើម្បីថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ និងដើម្បីទទួលបាននូវការស្រឡាញ់គាំទ្រចូលចិត្តពីសាធារជន។
សូមជម្រាបថា បច្ចុប្បន្ននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជាកូនប្រុសបង្កើតលោក យឹម ឆៃលី និងជាកូនប្រសារលោក ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ស សុខា