អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការហោះហើរសាកល្បងក្នុងស្រុក នាខែសីហា ឆ្នាំ ២០២៤ខាងមុខ។ តាមគម្រោង អាកាសយានដ្ឋាននេះ ត្រូវដាក់ឲ្យដំណើរការតាំងពីចុងឆ្នាំ ២០២១មកម្លេះ តែដោយសារបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចផងនោះ ទើបក្រុមហ៊ុនពន្យាពេលមកដល់ពេលនេះ។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានស្នើសុំប្រតិបត្តិការហោះហើរជំហានដំបូងក្នុងស្រុក នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ខាងមុខ។ ការស្នើសុំនេះ ទទួលបានការឯកភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយដែរ។
ក្នុងនោះដែរ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យអំពីសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាក់ស្ដែងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។ ប្រតិបត្តិការហោះហើរក្នុងស្រុក ដែលនឹងដាក់ឲ្យដំណើរការនាដើមខែសីហាខាងមុខ មិនតម្រូវឲ្យមានបច្ចេកទេសខ្ពស់ ដូចការហោះហើរលក្ខណៈអន្តរជាតិនោះឡើយ។ តែយ៉ាងណាក៏ដោយ នីតិវិធីផ្លូវច្បាប់សម្រាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ គឺក្រុមហ៊ុនបាននិងកំពុងរៀបចំ ហើយអាចនឹងបញ្ចប់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងប្រតិបត្តិការហោះហើរក្នុងស្រុក បន្ទាប់ពីមន្ត្រីជំនាញបច្ចេកទេស បានចុះត្រួតពិនិត្យរួចរាល់។ ប៉ុន្តែបន្ទាប់ពីហោះហើរក្នុងស្រុកដំណើរការល្អហើយ ក្រុមហ៊ុនត្រូវបន្តនីតិវិធីដោយត្រូវស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ពីអាកាសចរស៊ីវិលបន្តទៀត ដើម្បីឈានទៅបើកការហោះហើរកម្រិតមធ្យម កម្រិតធំ និងជាលក្ខណៈអន្តរជាតិ។
បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ មាន ៣ផ្នែកធំៗ ដោយក្នុងនោះផ្លូវរត់ និងចំណតយន្ដហោះ បានបញ្ចប់ការងារសាងសង់រួចរាល់។ រីឯប្រព័ន្ធផ្លូវចុះចត និងប្រព័ន្ធវិទ្យុទាក់ទងជាមួយយន្ដ ហោះ សម្រេចបាន ១០០ភាគរ ហើយអគារសម្រាប់ទទួលអ្នកដំណើរក៏សម្រេចបានប្រមាណ ៩០ភាគរយហើយដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុនចិន Union Development Group បានបោះទុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ក្នុងដំណាក់កាលទី ១។ ការសាងសង់ព្រលានយន្ដហោះនេះ គឺដើម្បីគាំទ្រដល់ពហុបំណង នៃវិស័យទេសចរណ៍កម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម