រដ្ឋាភិបាលកម្ពុជា មានផែនការ និងចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុទៅជាទីក្រុងធំមួយ នៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដានេះ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។
ប្រភពដដែល បានឲ្យដឹងបន្តថា ផែនការមេនេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា។
ម្យ៉ាងទៀត ក៏មានផែនការ និងចក្ខុវិស័យ អភិវឌ្ឍន៍ទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។
ដើម្បីសម្រេចបានចក្ខុវិស័យនេះ នឹងអនុវត្តជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី ១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវទីក្រុងចាស់ ដែលមានតម្លៃបន្ថែមខ្ពស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់។
ដំណាក់កាលទី ២. ២០២៩-២០៣៨៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្ត ដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ