គិតត្រឹមដំណាច់ខែមិថុនាថ្មីៗនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ដែលចំណាយថវិកាជាង ៦០លានដុល្លារ សម្រេចបានលទ្ធផលស្ថាបនាជាង ៩៥ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធនេះ។
គម្រោងនេះ មានប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ ហើយបើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។
ផ្លូវខ្សែនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ហើយក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។
យោងតាមរបាយការណ៍វឌ្ឍនភាព នៅថ្ងៃទី ៣ ខែកក្កដានេះ បានឲ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ស្រទាប់ បានបញ្ចប់ ១០០ភាគរយ។ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ