រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានតម្លៃ ២៥៧លានដុល្លារ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ម៉ែត្រគីប ត្រូវបានបើកការដា្ឋនសាងសង់នៅថ្ងៃទី២៥ ខែមិថុនានេះ ហើយគម្រោងនេះគ្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី៣ ឆ្នាំ២០២៧។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើកការដ្ឋានសាងសង់ជំហានទី៣ បានឲ្យដឹងថា បន្ទាប់ពីគម្រោងសាងសង់ជំហានទី៣ ត្រូវបានបញ្ចប់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត បានចំនួនប្រមាណ ១៩ ម៉ឺន ៥ពាន់ម៉ែត្រគូប បន្ថែមទៀតក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលចេះតែបន្តកើនឡើងជាលំដាប់។
លោកបានលើកឡើងថា ការសម្រេចបាននូវសមិទ្ធផលដ៏ធំនៃវិស័យទឹកស្អាត តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលផ្តល់លទ្ធភាពនៃការផលិតទឹកស្អាតរហូតដល់ចំនួនជាង ១លាន ១៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ តាមផែនការរំពឹងទុកនៅត្រឹមចុងឆ្នាំ ២០២៧ខាងមុខ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការផលិត និងការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ស្របតាមផែនការមេរបស់ខ្លួន។
សូមជម្រាបថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង ៣ជំហាន គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦០លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ៤១០លានដុល្លារអាម៉េរិក, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារអាម៉េរិក និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ