ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយឈ្មោះថា Minebea នឹងបើកការដ្ឋានសាងសង់រោងចក្រដ៏ធំមួយទៀតនៅកម្ពុជា ដោយគ្រោងចំណាយដើមទុនជាង ៦០០លានដុល្លារ។ នេះបើតាមឲ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
តាមវីដេអូជាង ៧នាទី ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៩ ខែមិថុនា លោក កែវ រតនៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជូនលោកទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជជែកពិភាក្សាជាមួយក្រុមហ៊ុន Minebea។ លោកបានជជែកបញ្ចប់រួចរាល់ហើយ ជាមួយក្រុមហ៊ុនជប៉ុនមួយនេះ ដោយទទួលបាននូវការសម្រេចមួយ គឺក្រុមហ៊ុននេះគ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក កែវ រតនៈ បានឲ្យដឹងបន្តថា ក្រុមហ៊ុន Minebea បានត្រៀមដីចំនួន ៥០ហិកតា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបង្កើតរោងចក្រដ៏ធំនេះ ហើយនឹងបើកការដ្ឋានសាងសង់នាខែកញ្ញា ឆ្នាំ ២០២៤ខាងមុខ។
លោកបន្ថែមថា «ហើយរោងចក្រនេះ គេដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរី មកប្រទេសកម្ពុជាយើង កាលដែលគេលើករោងចក្រមកទីនេះ ក៏សម្លឹងឃើញសក្ដានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនី កម្ពុជាយើងកំពុងតែផលិតថាមពល ចេញពីប្រភពថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ ដែលប្រទេសយើងទៅជាប្រទេសមួយ ដែលមានការទាក់ទាញ ពិតហើយថាមពលនេះត្រូវធ្វើការអភិវឌ្ឍបន្តទៀត ដើម្បីធ្វើម៉េចធានាឲ្យថ្ងៃក្រោយ យើងមិនខ្វះ»។
បើតាមប្រភពព័ត៌មាន រោងចក្រ ២ របស់ក្រុមហ៊ុន Minebea នេះ គ្រោងនឹងចំណាយទុនវិនិយោគចំនួន ៦៥០ លានដុល្លារ ដោយនឹងបង្កើតការងាររាប់ពាន់កន្លែង។
គួរឲ្យដឹងថា ក្រុមហ៊ុន Minebea បានបើកដំណើររោងចក្រនៅកម្ពុជានាឆ្នាំ ២០២១១ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារប៉ុណ្ណោះ តែក្រោយមកក្រុមហ៊ុននេះ បានដំឡើងការវិនិយោគដល់ជាង ៦០០លានដុល្លារ។
បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរជិត ៧ ០០០នាក់ ដោយរោងចក្ររបស់ Minebea បាននិងកំពុងផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម