ដើម្បីដោះស្រាយទឹឹកជំនន់ជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តប៉ែកខាងលិច និងត្បូងរាជធានី រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចដែលតែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញ។
ក្នុងឱកាសដឹកនាំមន្រ្តីចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ ៧៦% នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាត់ទុកថាប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ជាប្រឡាយប្រវត្តិសាស្ត្ររបស់កម្ពុជាដែលក្រាលបេតុង ដែលចំណាយថវិកាប្រមាណ ៤០០លានដុល្លារ។
ការចំណាយលើប្រព័ន្ធធារាសាស្រ្តដ៏ច្រើនសន្ទឹកនេះ ត្រូវបានសម្តេចបញ្ជាក់ថា កញ្ចប់ថវិកាចំណាយលើការសាងសង់ប្រព័ន្ធធានាសាស្ត្ររំដោះទឹកពេលនេះ គឺមានទំហំធំ បើប្រៀបធៀបនឹងការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។
សូមជម្រាបថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ការងារសាង សង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២)ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣)ការងារ ស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល៕