ការសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហាខាងមុខនេះ។ នេះបើតាមឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួង បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែមិថុនានេះ លោក ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកសាងច្រាំងទន្លេ និងវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេនិងព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្រុមការងារ បានចុះពិនិត្យគម្រោងការពារច្រាំងទន្លេ និងព្រែក ចំនួន ៣ទីតាំង៖ ទី១. គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ស្ថិតនៅភូមិរការកោង ឃុំរការកោង ១ ស្រុកមុខកំពូល ក្រោយចប់ធានាគុណភាព រយ:ពេល ១២ខែ ទី២. គម្រោងការពារច្រាំងព្រែកត្នោតប្រវែង ២៤០ ម៉ែត្រ ស្ថិតនៅភូមិតាខ្មៅ ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល ១២ខែ ទី៣. គម្រោងការពារច្រាំងព្រែកកុយប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល១២ខែ។
តាមក្រសួងធនធានទឹក គម្រោងទាំង ៣ ទីតាំងខាងលើ គឺរក្សាគុណភាពបានល្អដដែល។ ចំណែកវឌ្ឍនភាពការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ប្រវែង ១ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល គិតមកដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។
ក្នុងនោះការងារសម្រេចបានរួមមាន៖ ទី១. ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន ១០០ភាគរយ ទី២. ការងារបុកស្ពាន់ផាយសម្រេចបាន ១០០ភាគរយ ទី៣. ការងារបុកស៊ីតផាយសម្រេចបាន ១០០ភាគរយ ទី៤. ការងារបេតុងអាមេសម្រេចបាន ៨០ភាគរយ ទី៥. ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេចបាន ៨០ភាគរយ ទី៦. ការងារបំពេញដីសម្រេចបាន ៩៨ភាគរយ និងទី៧. ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក