លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះពិនិត្យទីតាំងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ។
តាមគម្រោងសម្រាប់ត្រៀមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ គឺស្ថិតនៅទីតាំងដើមទីនៃព្រែកតាកែវ ខេត្តកណ្តាល នាដើមខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។
កាលពីថ្ងៃទី ៦ ខែមិថុនាថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ខាង ដោយក្រុមហ៊ុន បានកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយ និងត្រៀមលក្ខណៈ សម្ភារៈ ឧបករណ៍ និងមធ្យោបាយនានារួចរាល់ហើយដែរ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មិនមែនជាការខ្ចីលុយបរទេសដើម្បីសាងសង់នោះទេ គឺជាការវិនិយោគឯកជន តាមរយៈ BOT ដោយរដ្ឋាភិបាលមិនចំណាយលុយសាងសង់ឡើយ។ គម្រោងនេះ មានការវិនិយោគពីជនជាតិខ្មែរចំនួន ៥១ភាគរយ និងក្រុមហ៊ុនចិនចំនួន ៤៩ភាគរយ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ប្រមាណ ១ ៧០០លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា ៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម