អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F តេជោតាខ្មៅថ្មីរបស់កម្ពុជានឹងលេចចេញជារូបរៀងនាពេលដ៏ខ្លីខាងមុខ ខណៈបច្ច្ុប្បន្នការងារសាងសង់សម្រេចបានប្រមាណ ៧៥.៨ភាគរយ ហើយនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខត្រៀមធ្វើការប្រតិបត្តិការហោះហើរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ កាលពីថ្ងៃទី៦ ខែមិថុនា លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានឲ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះសម្រេចបាន ៧៥% ពោលគឺស្របទៅតាមផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះហើរនៅដើមឆ្នាំ ២០២៥ ខាងមុខ។
បើតាម ឆារស៍ វ៉ាន់ គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ក្រុមហ៊ុន Cambodia Airport Investment (CAIC) របស់លោក ពុង ឃាវសែ ចាយទុនអស់ ១,១០០លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅជំហានទី១ ដូចជា ស្ថានីយផ្ទុកអ្នកដំណើរ ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីជាដើម។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី បើកការដ្ឋានកាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ គ្រោងប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៥០០ លានដុល្លារអាមេរិកដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
ក្រុមហ៊ុន Cambodia Airport Investment គម្រោងអាកាសយានដ្ឋាននេះ គឺជាប្រភេទព្រលានយន្តហោះ 4F ដែលមានសមត្ថភាពអាចឱ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបានផងដែរ៕
អត្ថបទ៖ សេដ្ឋានី