គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការងារសាងសង់បាន ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមកម្មវិធីផែនការដែលបានកំណត់ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។
សូមជម្រាបថា ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ដោយការងារសាងសង់ត្រូវបានប្រគល់ឲ្យសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងការត្រួតពិនិត្យ បច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ